Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នាគលោក
( ន.នាមសព្ទ )
[--គៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
លោកជាទីនៅនៃពួកនាគ, បាតាល ។
-
នាគវិថី
( ន.នាមសព្ទ )
[--គៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--វីថិ; នាគវីថិ ឬ ព្ធរាវតវីថិ) ផ្លូវដំរី គឺផ្លូវដែលព្រះចន្ទ្រចរត្រង់ចន្លោះនៃផ្កាយភរណី គឺផ្កាយយាមនង្គ័ល និងផ្កាយក្រឹត្តិកា គឺផ្កាយកូនមាន់ ។
-
នាង
( ន.នាមសព្ទ )
ដង្កូវសូត្រ គឺដង្កូវដែលកើតអំពីពងមេអំបៅជាដង្កូវបញ្ចេញសូត្រព័ទ្ធសំបុកបាំងខ្លួនបាត់, សំបុកនោះឯងហៅថា សំបុកនាង ដែលគេសម្រេចឲ្យកើតបានមកជាសរសៃសូត្រ : ដង្កូវនាង, ចិញ្ចឹមនាង, ឲ្យចំណីនាង ។
-
នាង
( ន.នាមសព្ទ )
ឈ្មោះកូនចត្រង្គមួយប្រភេទ (មានពីរ) សម្រាប់ដាក់តម្រៀបក្បែរខុនទាំងពីរខាង (ទុកជាព្រះអគ្គមហេសី) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចត្រង្គ ទៀតផង ។
-
នាង
( បុ. ស.បុរិសសព្ទនាម )
ពាក្យសម្រាប់និយាយទៅរកមនុស្សស្រី ឬប្រុស ដែលមានចំណាស់ថយជាងខ្លួនច្រើន ដោយដំណើរលំអុតលំឱន : សុខសប្បាយទេនាង ?; ទៅណានាង ? សម្រាប់ហៅកូនប្រុសបង្កើត, កូនស្រីបង្កើត ដោយលំអុត : អានាង, អានាងកូនខ្ញុំ; មេនាង, មេនាងកូនខ្ញុំ ។ សម្រាប់ហៅមនុស្សស្រី ដែលមានអាយុតិចក្ដី ច្រើនក្ដី សូម្បីមានយសស័ក្តិខ្ពស់ក្ដី, ជាពាក្យតំណាលក្នុងរឿងរ៉ាវណាមួយ : ព្រះនាងពិម្ពាយសោធរា; នាងទេវី; នាងសាមាវតី; នាងវិសាខា ។ល។
-
នាងដែង
( ន.នាមសព្ទ )
ឈ្មោះឈើធំមួយប្រភេទ ពួកឈើទាលមានសាច់ក្រហមចាស់ ស្រដៀងនឹងឈើទាលដែរ ប៉ុន្តែសាច់រឹងជាងឈើទាល មិនមានជ័រដូចឈើទាលទេ សម្រាប់ប្រើជាគ្រឿងទព្វសម្ភារៈដូចឈើទាលដែរ ។ នាងដែងនេះ ច្រើនមានក្នុងខែត្រកំពតប៉ែកខាងលិច និងក្នុងស្រុកកំពង់សោម, នៅបរិវេណក្រុងព្រះសីហនុ ក៏សម្បូរឈើនេះដែរ ។
-
នាងដៃ
( ន.នាមសព្ទ )
ម្រាមដៃទី ៤ គឺម្រាមបន្ទាប់កូនដៃ ។
-
នាងនក់
( ន.នាមសព្ទ )
ឈ្មោះដំឡូងព្រៃមួយប្រភេទ មើមស្រដៀងនឹងដំឡូងត្រែង, ដំឡូងជ្រូក : ដំឡូងនាងនក់ ។ កម្អួតសត្វត្រចៀកកាំ ដែលវាក្អួតក្នុងវេលាវាខំប្រឹងរមាត់ពង; ប្រើជាថ្នាំត្រជាក់បំបាត់ក្រវល់ក្រវាយ, ជារបស់មានតម្លៃណាស់; ពាក្យសៀមហៅថា រ៉័ងណុក “សំបុកសត្វស្លាប”, ខ្មែរខ្លះហៅក្លាយមកជា នាងនក់ ខ្លះក៏ហៅ រ៉័ងណុក តាមសៀមដែរ ច្រើនមាននៅក្បែរឈូងសមុទ្ទ ឬនៅកោះក្នុងសមុទ្ទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រចៀកកាំ ផង) ។
-
នាងនាគ
( ន.នាមសព្ទ )
[--នាក]
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ ជាបទភ្លេងធំ សម្រាប់លេងក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍ តាមថ្នាក់ដែលត្រូវលេងបន្ទាប់បទភ្លេងព្រះថោង ។
-
នាងនួន
( ន.នាមសព្ទ )
ឈ្មោះឈើសាច់រឹងមានខ្លឹមធំ ពួកគ្រញូង, ជាឈើមានតម្លៃ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>