Khmer Dictionary: រតូវ
Chuon Nath's Khmer-Khmer Dictionary
-
រតូវ
( ន.នាមសព្ទ )
[ រដូវ ]
or រដូវ
( សំ. ក្ល.សំស្រ្កឹតក្លាយ )
(ឫតុ; ឧតុ) ទេសកាល, កាលកំណត់ដែលចែកជា ភាគខែក្នុងឆ្នាំមួយៗ តាមសម័យដែលអាកាសប្រែប្រួល (ច្រើនសរសេរ រដូវ ជាង) : រដូវរងា, រដូវក្ដៅ, រដូវភ្លៀង; ឈើផ្លែខុសរដូវ; ផ្លាស់រដូវ ។ តាមសុរិយគតិ, ក្នុងមួយឆ្នាំៗនិយមប្រើរដូវ ៤ គឺ ១-និទាឃៈ ឬ និទាឃរដូវ “រដូវក្ដៅ” ត្រូវគ្នានឹងរដូវប្រ័ងតង់ប្ស៍ Printemps ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២១ ខែមីនា (ម៉ារ្ស) ដល់ថ្ងៃទី ២១ ខែមិថុនា (យូវ៉ាំង), មាន ៩៣ ថ្ងៃ ។ ២-វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” (ត្រូវគ្នានឹងរដូវ អេតេ Eté ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២២ ខែមិថុនា (យូវ៉ាំង) ដល់ថ្ងៃទី ២២ ខែកញ្ញា (សេបតមប្រិ៍), មាន ៩៣ ថ្ងៃ។ ៣-សរទៈ ឬ សរទរដូវ “រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ; រដូវលំហើយ” (ត្រូវគ្នានឹងរដូវ អូតូន Automne ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២៣ ខែកញ្ញា (សេបតមប្រិ៍) ដល់ថ្ងៃទី ២១ ខែធ្នូ (ដេសមប្រិ៍) មាន ៩០ ថ្ងៃ ។ ៤-សិសិរៈ ឬ សិសិររដូវ “រដូវរងាខ្លាំង” ត្រូវគ្នានឹងរដូវ ហ៊ីវែរ Hiver ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២២ ខែធ្នូ (ដេសមប្រ៏) ដល់ថ្ងៃទី ២០ ខែមីនា (ម៉ារ្ស), មាន ៨៩ ថ្ងៃ ឬចួនកាល ៩០ ថ្ងៃ ។ រួមទាំង ៤ រដូវ ត្រូវជា ១២ ខែ, មានថ្ងៃ ៣៦៥ ឬចួនកាល ៣៦៦ ជាមួយឆ្នាំនៃសុរិយគតិ (មិនមានវិធីលើកខែទេ) ។ តាមចន្ទគតិ, ក្នុងឆ្នាំមួយៗនិយមប្រើរដូវ ៣ គឺ ១-ហេមន្តៈ ឬ ហេមន្តរដូវ “រដូវមានទឹកសន្សើម, រដូវរងា” មាន ៤ ខែ, រាប់ពីត្រឹមថ្ងៃ ១ រោចខែកត្តិក ដល់ថ្ងៃ ១៥ កើតខែផល្គុន, មាន ១១៨ ថ្ងៃ ។ ២-គិម្ហៈ ឬ គិម្ហរដូវ “រដូវក្ដៅ” មាន ៤ ខែ, រាប់ពីថ្ងៃ ១ រោចខែផល្គុន ដល់ថ្ងៃ ១៥ កើតខែអាសាឍ, មាន ១១៨ ថ្ងៃ; បើឆ្នាំដែលមានអធិកវារៈ មាន ១១៩ ថ្ងៃ; ឆ្នាំដែលមាន អធិកមាស មាន៥ ខែ មាន ១៤៨ ថ្ងៃ ។ ៣-វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” មាន ៤ ខែ, រាប់ពីថ្ងៃ ១ រោចខែអាសាឍដល់ថ្ងៃ ១៥ កើតខែកត្តិក, មាន ១១៨ ថ្ងៃ ។ រួមទាំង ៣ រដូវ មានខែ ១២ ឬ ចួនកាល ១៣ ខែ, មានថ្ងៃ ៣៥៤ ឬ ៣៥៥ ឬក៏ចួនកាល ៣៨៤ ថ្ងៃ ជាមួយឆ្នាំនៃចន្ទគតិ (លទ្ធិពុទ្ធសាសនានិយមប្រើរដូវ ៣ នេះ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចន្ទគតិកាល ផង) ។ តាមលទ្ធិបុរាណ, ក្នុងប្រទេសខ្លះនិយមប្រើរដូវ ៦ គឺ ១-ហេមន្តៈ ឬ ហេមន្តរដូវ “រដូវមានទឹកសន្សើម, រដូវរងា” មាន ២ ខែ, រាប់ពីថ្លៃ ១រោច ខែកត្តិកដល់ថ្ងៃ ១៥ កើតខែបុស្ស, មាន ៥៩ ថ្ងៃ ។ ២-សិសិរៈ ឬ សិសិររដូវ “រដូវរងាខ្លាំង” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោច ខែបុស្ស ដល់ថ្ងៃ ១៥ កើតខែផល្គុន, មាន ៥៩ ថ្ងៃ ។ ៣-វសន្តៈ ឬ វសន្តរដូវ “រដូវឈើជ្រុះលាស់ស្លឹក” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែ ផល្គុនដល់ថ្ងៃ ១៥ កើតខែពិសាខ, មាន៥៩ថ្ងៃ (គួរកុំច្រឡំ វស្សាន និង វសន្ត នេះ) ។ ៤-គិម្ហៈ ឬ គិម្ហរដូវ “រដូវក្ដៅ” មាន ២ ខែ, រាប់ពី ១ រោចខែពិសាខ ដល់ថ្ងៃ ១៥ កើតខែអាសាឍ, មាន ៥៩ ថ្ងៃ (បើឆ្នាំ ដែលមានអធិកវារៈ មាន៦០ ថ្ងៃ, ឆ្នាំដែលមានអធិកមាស មាន ៣ ខែ មានថ្ងៃ ៨៩ (?) ព្រោះប្រើខែចេញឈ្មោះតាមចន្ទគតិដូចបែបប្រើរដូវ ៣ ដែរ) ។ ៥-វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែអាសាឍ ដល់ថ្ងៃ ១៥ កើតខែភទ្របទ, មាន ៥៩ ថ្ងៃ ។ ៦-សរទៈ ឬ សរទរដូវ “រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែភទ្របទដល់ថ្ងៃ ១៥ កើតខែកត្តិក, មាន ៥៩ថ្ងៃ ។ រួមទាំង ៦ រដូវមានខែ ១២ (ឬចួនកាលមាន ១៣ ខែ ?) មានថ្ងៃ ៣៥៤ (ឬ ៣៥៥ ឬក៏ចួនកាល ៣៨៤ ថ្ងៃ ?) ត្រូវជាមួយឆ្នាំ ។ រដូវ ៦ នេះ លទ្ធិពុទ្ធសាសនាមិននិយមប្រើទេ មានបង្គាប់ឲ្យប្រើតែរដូវ ៣ តាមចន្ទគតិ ដោយដាច់ខាត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង ព្រោះមានប្រាប់ឈ្មោះខែសម្រាប់សុរិយគតិ និងចន្ទគតិនៅនោះ) ។
-
រតូវ
( ន.នាមសព្ទ )
or រដូវ
( សំ. ក្ល.សំស្រ្កឹតក្លាយ )
(ឫតុ; ឧតុ) កាលកំណត់នៃដំណើរធ្លាក់លោហិតរបស់ស្ត្រី (ច្រើនសរសេរ រដូវ ជាង) : ស្ត្រីមានរដូវ, រាំងរដូវ, ធ្លាក់រដូវមិនស្រួល ។
Headley's Khmer-English Dictionary