Khmer Dictionary: គ្រាស
Chuon Nath's Khmer-Khmer Dictionary
-
គ្រាស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានដំណើររាយបន្តគ្នា, ដែលដើរច្រវាត់បន្តគ្នា : ដើរគ្រាសគ្នា ។
-
គ្រាស
( ន.នាមសព្ទ )
or គ្រាះ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(គ្រាស, គ្រាហ = គ្រាះ; បា. គាហ “ដំណើរចាប់, កិរិយាចាប់, កាន់”) ដំណើរដែលរាហូចាប់ ឬ បាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ (ពួកអ្នកប្រាជ្ញក្នុងប្រទេសខ្លះយល់ថា ស្រមោលផែនដីបាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ) : ថ្ងៃមានគ្រាស ឬ ថ្ងៃមានគ្រាះ ។ ច្រើននិយាយថា ចន្ទ្រគ្រាស ឬ ចន្ទ្រគ្រាះ, សូរ្យគ្រាស ឬ សូរ្យគ្រាះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង ២ នោះ) ។ មនុស្សគ្រាសកន្លង ឬ គ្រាះកន្លង គឺមនុស្សដែលល្មេញល្មើពីកំណើត ដោយហេតុកាលដែលមនុស្សនោះ នៅក្នុងផ្ទៃម្ដាយ ហើយជួនក្នុងឆ្នាំនោះ មានគ្រាសនៅថ្ងៃណាមួយ ឬក៏ កាលដែលមនុស្សនោះសម្រាលមកជួនលើថ្ងៃមានគ្រាស, អ្នកទាំងពួងច្រើនយល់ថា ល្មេញល្មើព្រោះគ្រាសកន្លង; បើមនុស្សដែលកាលនៅក្នុងផ្ទៃ ឬកាលសម្រាលមិនប្រទះលើគ្រាសដូច្នោះទេ, ទោះបី ល្មេញល្មើពីកំណើតដូច្នោះក្ដី, អ្នកទាំងពួងហៅមនុស្សនោះថា មនុស្សល្មេញល្មើ ។ ទំនៀមខ្មែរពីបុរាណ សឹងមានជាប់មកដល់សព្វថ្ងៃនេះ ខ្លះថា ស្ត្រីដែលមានផ្ទៃពោះកាលបើប្រទះលើថ្ងៃមានគ្រាស ត្រូវឲ្យយកអកកំបោរមកដក់នឹងថ្នក់ ជាដំណើរអបទេសថា ឲ្យគ្រាសកន្លងអកកំបោរចុះ កុំឲ្យកន្លងកូនក្នុងឧទ្ទរ; បើមានគ្រឿងផ្ទះថ្មី ដែលនៅមិនទាន់បានសង់ ឬដែលកំពុងសង់នៅមិនទាន់ហើយ, កាលបើមានគ្រាស, ត្រូវឲ្យយកស្បូវភ្លាំងមកចងនឹងបង្គោល ឬ ដាក់លើគ្រឿងផ្ទះ ឬ ក៏ចងនឹងមេដំបូលផ្ទះថ្មីនោះ កុំឲ្យគ្រាសកន្លង ដោយយល់តាមរឿងរ៉ាវពីព្រេងនាយថា រាហូអសុរិន្ទ ខ្លាចស្បូវភ្លាំងណាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាហូ, រាហូអសុរិន្ទ ផង) ។
Headley's Khmer-English Dictionary
-
គ្រាស
( adv )
[krieh]
- detail »
in single file, one behind the other
-
គ្រាស
( n )
[krieh]
- detail »
eclipse