Khmer Dictionary: សូរ្យ
Chuon Nath's Khmer-Khmer Dictionary
-
សូរ្យ
( ន.នាមសព្ទ )
[សូរ-យ៉ៈ ឬ សូ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សូយ៌; សុរិយ) ព្រះអាទិត្យ ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមការប្រកប (ដូច សុរិយ ដែរ) :
- សូរ្យករ, --ការ ឬ--រស្មី រស្មីព្រះអាទិត្យ ។
- សូរ្យកាល ពេលថ្ងៃត្រង់ ។
- សូរ្យគតិ ដំណើរព្រះអាទិត្យ ។
- សូរ្យគោត្រ គោត្រព្រះអាទិត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុរិយគោត្ត, សុរិយវង្ស ផង) ។
- សូរ្យគ្រាស ឬ --គ្រាះ (សូ--) ដំណើរដែលរាហូចាប់ឬបាំងដួងព្រះអាទិត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬ គ្រាះ ផង) ។
- សូរ្យសែង (សូ--) ពន្លឺព្រះអាទិត្យ ។ល។
-
សូរ្យ --
(មើលក្នុងពាក្យ សូរ្យ) ។
-
សូរ្យកាន្ត
( ន.នាមសព្ទ )
[សូរ-យ៉ៈកាន ឬ សូរ៉ៈកាន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សូយ៌ “ព្រះអាទិត្យ” + កាន្ត “ជាទីស្រឡាញ់, ដែល... ពេញចិត្ត”; សុរិយ + កន្ត) ថ្មព្រះអាទិត្យ (អាទិច្ចសិលា), ត្បូងព្រះអាទិត្យ គឺត្បូងឬកែវមួយប្រភេទ កាលបើយកទៅដាក់ឲ្យចំពន្លឺព្រះអាទិត្យ អាចបញ្ចេញកម្តៅយ៉ាងខ្លាំងក្លាបាន ឬអាចបង្កើតជាភ្លើងក៏បាន; កែវប្រភេទនេះ គេសន្មតថាមានគុណភាពពូកែស័ក្ដិសិទ្ធិ ដែលច្រើនតែមានតំណាលក្នុងរឿងល្បើកផ្សេងៗ ពីបុរាណកាលដូចគេតែងបានឮរឿយៗ ក្នុងរឿងល្ខោនជាដើមថា : ព្រះរាជកុមារ... គ្រវីកែវសូន្យកាន្តកើតជាភ្លើងឆេះពួកខ្មាំងសត្រូវ រលាយសាបសូន្យឥតសេសសល់; បើតាមន័យដែល “...អាចបញ្ចេញកម្តៅយ៉ាងខ្លាំងក្លាបាន ឬអាចបង្កើតជាភ្លើងក៏បាន” នេះគួរយោលទៅដល់សេចក្ដីម្យ៉ាងទៀតថា កែវចរណៃមួយប្រភេទដែលគេយកទៅដាក់បញ្ចាំងក្រោមរស្មីព្រះអាទិត្យកំពុងក្ដៅ ហើយអាចបង្កើតភ្លើងបានដោយសារក្រដាសប៉ុយឬកម្ទេចសំរាមល្អិត ដែលដាក់ពីខាងក្រោមកែវនោះ គឺគួរហៅថា សូរ្យកាន្ត បានដែរ ។ ពាក្យនេះ ច្រើនប្រើជាមួយនឹងពាក្យ ពិទូរ្យ ថា : កែវពិទូរ្យសូរ្យកាន្ត ។
-
សូរ្យាទិត្យ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ដួងពន្លឺនៃព្រះអាទិត្យដែលចាំងជះរស្មីភ្លឺក្រៃលែងបំភ្លឺលោក ។
Headley's Khmer-English Dictionary
-
សូរ្យ
( n )
[sooryaʔ, soo]
- detail »
sun ; Surya (Indian sun god)