Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផ្ទល់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ផ្ទប់ ថា : ផ្ទប់ផ្ទល់ គឺទប់ឲ្យនៅនឹង, ឲ្យរឹងប៉ឹង ។
-
ផ្ទា
( ន.នាមសព្ទ )
ដីបាតទន្លេ, បាតបឹង, បាតស្ទឹងដែលដុះខ្ពស់ផុតពីទឹកមានសណ្ឋានដូចជាកោះ, ចួនកាលគេជីកអណ្ដូងត្រង់ទីនោះ យកទឹកប្រើប្រាស់ក៏មាន (និយាយតាមទម្លាប់ស្រុកខ្លះ) ។
-
ផ្ទាត់
( កិ.កិរិយាសព្ទ )
រលាស់, វាត់, ខ្ទាតចេញ ឬលោតដោយកម្លាំងដែលប្រឹងចំកោងផ្ទាត់ម្រាមដៃ, កំពឹសផ្តាត់លោតព្រាត...។
- ផ្ទាត់ផ្ទៀង ឬ - ផ្ទៀងផ្ទាត់ ផ្ទៀងឲ្យទៀងទាត់ ។
-
ផ្ទាន់
( កិ.កិរិយាសព្ទ )
បន្ទច់បង្អាក់សបឲ្យទាន់ដំណើរសម្ដីអ្នកម្ខាង : វានិយាយត្រឡប់ត្រឡិន ដោះសាតែសម្ដីខ្លួនឯងមិនរួច ដល់គេផ្ទាន់ឲ្យ ស្រាប់តែច្រឡោតខឹង ។
-
ផ្ទាប់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យជាបន្ទាប់គ្នា, អែបទៀបខាងជាបន្ទាប់គ្នា, ដាក់ផ្សំបន្ទាប់គ្នា, ដាក់នែបពីលើ ។
-
ផ្ទារ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យមានបន្ទារ :
- អារផ្ទារ គឺអារឈើឲ្យបានជាបន្ទារ ។
-
ផ្ទាល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យទាល; ដាក់ឲ្យទាបជិតភ្លើង ដើម្បីឲ្យក្ដៅខ្លាំង, ឲ្យឆាប់ឆ្អិន ។
-
ផ្ទាល់
( និ.និបាតសព្ទ )
ចំពោះ, តទល់ចំពោះតែមួយនិងមួយ, ចំពោះតែខ្លួនមួយ, ដោយខ្លួនឯង : ឲ្យផ្ទាល់ខ្លួន, ទទួលផ្ទាល់ដៃ, និយាយផ្ទាល់មាត់, ធ្វើការផ្ទាល់ខ្លួន ។
- រៀនផ្ទាល់មាត់ ឬ - រៀនផ្ទាល់ពីមាត់ រៀនតពីមាត់គ្រូ គឺគ្រូប្រាប់ឲ្យថាតាម ឲ្យរៀនទន្ទេញ ដោយឥតមានគម្ពីរឬក្បួនអ្វីសម្រាប់អានទន្ទេញ : ខ្ញុំចេះអាគមនេះ ដោយរៀនផ្ទាល់មាត់គ្រូ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុខបាឋ ទៀតផង) ។
-
ផ្ទាល់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យទាល់ពាក្យទាល់សម្ដី : និយាយកុហកដូច្នេះ បានជាគេផ្ទាល់ឲ្យ រកហើបមាត់មិនរួច, អញដឹងពុតវាអស់ហើយ ចាំមើលអញផ្ទាល់វាម្ដង ។
- ផ្ទញ់ផ្ទាល់ គឺផ្ទញ់ឲ្យទាល់សេចក្ដី ។
-
ផ្ទាំង
( ន.នាមសព្ទ )
បន្ទះធំ, ស្រទាប់ធំ, ផ្ទៃ : ជញ្ជាំងមួយផ្ទាំង ។ ផ្ទាំងចីវរ ខណ្ឌនៃចីវរ : ចីវរបញ្ចខណ្ឌ ចីវរ ៥ ផ្ទាំង ឬចីវរមានប្រាំផ្ទាំង ។
<< Prev 1 ... 15 16 17 18 19 20 Next >>