Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផ្គាំ
( ន.នាមសព្ទ )
ប្រដាប់មានគ្រាប់មូលៗ ដោយនឹងខ្សែចងភ្ជាប់មុខគ្នាជាចង្វាយ សម្រាប់ប្រឡេះរាប់មេធម៌ឬបទធម៌ក្នុងការចម្រើនធម៌ភាវនា ។ ឈ្មោះឈើមួយប្រភេទគេច្រើនប្រើជាឧស ។
-
ផ្គុន
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ផ្គាប់ ថា : ផ្គាប់ផ្គុន គឺខំផ្គាប់ដោយយកចិត្តទុកដាក់មិនឲ្យមានមោះមៃ, មិនឃ្នើសឃ្នង ដើម្បីឲ្យកើតគុណប្រយោជន៍ដល់ខ្លួន ។
-
ផ្គុំ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរួមគ្នា, ឲ្យចូលចិត្តជាប់នឹងគ្នា : ផ្គុំការ, ផ្គុំដែក, ផ្គុំដៃ ។ ប. ពាក្យសម្រាប់និយាយរួមជាមួយនឹងពាក្យ ផ្សំ ថា :
- ផ្សំផ្គុំ គឺផ្សំឲ្យជាមេត្រីនឹងគ្នា ឬផ្សំឲ្យបានគ្នាជាប្ដីប្រពន្ធ ។
-
ផ្គូ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យជាគូ គឺផ្សំអ្វីៗដែលធៀប, ដែលផ្ទឹមនឹងគ្នាឲ្យបានជាមួយគូ : ផ្គូចំបាប់, ផ្គូទូកប្រណាំង ។
-
ផ្គូផ្គង
( កិ.កិរិយាសព្ទ )
ផ្គងឲ្យបានជាគូ; ប្រុងប្រៀប; ផ្គត់ផ្គង់, ផ្ចុងផ្ដើម; លើកតម្កើង ។
-
ផ្គួប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យគួបគ្នា : ផ្គួបចេស, ផ្គួបខ្សែ, ផ្គួបដៃ ។
-
ផ្គើន
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ធ្វើទទឹងទាស់, កន្លងបញ្ញត្តិ, កន្លងឱវាទ ដោយអាការបញ្ឆោះឬបញ្ឈឺចិត្ត : ផ្គើនឲ្យឈឺចិត្ត; និយាយផ្គើន, ដើរផ្គើន, ធ្វើការផ្គើនឲ្យ ។
-
ផ្ងក់ៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អំពីដំណើរងក់ងើយរឿយៗដោយអាការនៃជរាបៀតបៀន ជាដើម : ដើរផ្ងក់ៗ; ធ្វើការផ្ងក់ៗ (ប្រើជា ភ្ងក់ៗ ក៏បាន ព្រោះមានប្រភពជា ងក់ៗងើបៗរឿយៗ) ។
-
ផ្ងាក
( កិ.កិរិយាសព្ទ )
ងាកស្រងាកទៅខាងក្រោយ, ទ្រេតផ្ងារទៅខាងក្រោយ ។
-
ផ្ងាក់ផ្ងើក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
បះចុះបះឡើងងក់ងើក, ប៉ាក់ប៉ើក ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>