Khmer Dictionary: អាត្ម័ន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទណ្ឌឃាដ
( ន.នាមសព្ទ ) [ទ័នឌៈ-ឃាត ]
ការពិឃាតដោយអាជ្ញា, ដោយដំបង, កំណាត់ឈើ ជាគ្រឿងពិឃាត ។ ខ្មែរយើងប្រើពាក្យនេះជាឈ្មោះវណ្ណយុត្តម្យ៉ាងមានសណ្ឋានលំនាំកន្ទុយកំប្រុក (៍) សម្រាប់ដាក់ឃាត់អក្សរមិនឲ្យមានសំឡេងដូចជា ប្រយោជន៍, យោជន៍, ខ្លឹមច័ន្ទន៍ ជាដើម; វណ្ណយុត្ត នេះបើហៅថា បដិសេធ ក៏បាន ចំពោះភាសាសំស្រ្កឹតដែលសរសេរជាអក្សរទេវនាគរី, ទណ្ឌឃាតនេះ ហៅថា វិរាម មានរូបដូច្នេះ (^) សម្រាប់ប្រើដាក់ពីក្រោមតួអក្សរក្រោយបង្អស់ ដែលទុកគ្រាន់តែជាតួប្រកបប៉ុណ្ណោះមិនឲ្យចេញសំឡេង ដូចជាពាក្យថា កម៌ន, តបស, តេជស, អាត្មន, ជាដើម ។ ប៉ុន្តែចំពោះភាសាសំស្ក្រឹតដែលសរសេរជាអក្សរខ្មែរ, យើងសន្មតសញ្ញាទណ្ឌឃាតនេះដូច្នេះវិញ (៑) សម្រាប់ដាក់ពីលើតួអក្សរក្រោយបង្អស់នោះៗ ដែលគ្រាន់តែជាតួប្រកបមិនឲ្យចេញសំឡេងដូចគ្នាដែរដូចជា កម៌ន៑, តបស៑, តេជស៑, អាត្មន៑ (អ. ថ. ករ័ន្ម, តៈប៉័ស, តេជ័ស, អាត្ម័ន) ។
-
បុរស
( ន.នាមសព្ទ ) [បុរ៉ស់ ]
(បា. សំ.) (បុរិស; បុរឞ ឬ បុរូឞ) អ្នកបំពេញចិត្តមាតាបិតា, អ្នកបំពេញចិត្តស្ត្រី; អ្នកបំពេញកិច្ចការក្នុងប្រទេសដែលខ្លួននៅ (ប្រុស) អាត្ម័ន (អាត្មា), ចិត្ត ។ល។
-
វិរាម
( ន.នាមសព្ទ )
ការឃាត់; ការបញ្ឈប់; បដិសេធ ។ ឈ្មោះវណ្ណយុត្តមួយប្រភេទ (^) នេះ, ប្រើក្នុងភាសាសំស្រ្កឹត (ចំពោះតែអក្សរទេវនាគរី) សម្រាប់ដាក់ក្រោមព្យញ្ជនៈ ឃាត់មិនឲ្យចេញសំឡេង ឲ្យគ្រាន់តែជាតួប្រកប, ដូចជា តបស, តេជស, អត្មន (អ. ថ. តៈបុ័ស, តេជ័ស, អាត្ម័ន) ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទណ្ឌឃាដ ឬ ទណ្ឌឃាត ផង) ។
-
អត្តា
[អ័ត-តា]
(< អត្ត) ខ្លួន; ចិត្ត (អាត្ម័ន, អាត្មា) ។ ព. ផ្ទ. អនត្តា ។
-
អត្ត
( ន.នាមសព្ទ ) [អ័ត-តៈ ]
(អាត្មន៑) ខ្លួន; ចិត្ត (អាត្ម័ន, អាត្មា) ។
- អត្តកិលមថានុយោគ (--កិ-ល៉ៈម៉ៈ--) ការប្រកបព្យាយាមតឹងហួសពេកឲ្យនឿយលំបាកខ្លួនផលប្រយោជន៍ (ជាវត្តប្រតិបត្តិរបស់និគ្រន្ថតិរ្ថិយពួកខ្លះ) ។
- អត្តឃាត ការសម្លាប់ខ្លួនឯង (ហៅ អត្តឃាតកម្ម ឬ អត្តវិនិបាតកម្ម អ. ថ. --ប៉ាតៈ-- “ការធ្វើខ្លួនឲ្យឃ្លាតចាកជីវិត” ក៏បាន) ។
- អត្តទត្ថ (--ទ័ត) ប្រយោជន៍ចំពោះខ្លួន, ប្រយោជន៍ផ្ទាល់ខ្លួន ។
- អត្តទត្ថបុគ្គល (--ទ័ត-ថៈ--) បុគ្គលដែលខ្វល់ខ្វាយឬដែលគិតប្រយោជន៍ផ្ទាល់ខ្លួន ។
- អត្តទត្ថភាព ភាពនៃប្រយោជន៍ចំពោះខ្លួន, ការដែលគិតតែប្រយោជន៍ខ្លួនឯង ។
- អត្តទន្ត (--ទ័ន-តៈ ឬ--ទ័ន) អ្នកទូន្មានខ្លួន, អ្នកបង្វឹកចិត្ត បើស្ត្រីជា អត្តទន្តី) ។
- អត្តបរិហារ ឬ--ព្យាបាល ការរក្សាឬថែទាំខ្លួន ។
- អត្តពលកម្ម ឬ --កិច្ច (--ពៈលៈ --) អំពើឬកិច្ចការដែលកើតអំពីកម្លាំងខ្លួន ។
- អត្តភាព ភាវៈរបស់ខ្លួន; ខ្លួនទាំងមូល; ធម្មតារបស់ខ្លួន; និស្ស័យនៃខ្លួន; អាត្មាភាព ។
- អត្តលេខ លេខប្រចាំខ្លួន, លេខសម្គាល់ខ្លួននៃទាហានជាដើម ។
- អត្តសន្និយាតន៍ (--សន់-ន៉ិយ៉ាត) ការប្រគល់ខ្លួនឲ្យនៅក្នុងអំណាចគេ ។
- អត្តសញ្ញាណ (--ស័ញ-ញ៉ាន) គ្រឿងសម្គាល់ខ្លួន; សញ្ញាដែលអាចសម្គាល់បានថាពត៌មាននោះៗពិតជាមាន ឬត្រូវចំលើរូបបុគ្គល ឬក៏វត្ថុណាមួយ : មនុស្សនិងសត្វ តែងមានអត្តសញ្ញាណផ្ទាល់ខ្លួនជាដរាប ។ (បារ. Identité) ។
- អត្តសញ្ញាណប័ណ្ណ ឬ--បត្រ លិខិតជាផ្លូវការនៃអត្តសញ្ញាណ, សំបុត្រជាគ្រឿងសម្គាល់ខ្លួនមនុស្សសត្វនិងវត្ថុផ្សេងៗ ។
- អត្តសម្មាបណិធិ (-ស័ម-ម៉ា-ប៉ៈណិ-ធិ) ការតាំងខ្លួនឲ្យល្អ គឺការតាំងចិត្តប្រតិបត្តិតាមធម៌ តាមច្បាប់ ។
- អត្តហេតុ ព្រោះហេតុខ្លួន; ការឃើញប្រយោជន៍ផ្ទាល់ខ្លួន ។
- អត្តាធីន (បា. < អត្ត + អធីន “ការឋិតនៅក្នុងអំណាចខ្លួន; ការពឹងផ្អែកខ្លួន;...”) អ្នកដែលមានអំណាចលើខ្លួនឯង (សេរីឬស្វៃរិន, ស្វៃរី) ។
- អត្តាធីនភាព (--នៈ--) សេរីភាពឬស្វៃរីភាព ។
- អត្តានុវាទភ័យ (--ទៈ--; បា. < អត្ត + អនុវាទ “ការពោលទោស; ការតិះដៀល” + ភយ) ភ័យអំពីការតិះដៀលខ្លួនឯង គឺការខ្លាចក្រែងខ្លួនធ្វើអំពើអាក្រក់ហើយ នឹងកើតក្ដៅក្រហាយនឹកស្តាយក្រោយស្រឡេតចិត្ត ។
- អត្តាភិបាល (បា. < អត្ត + អភិបាល “ការរក្សា, ថែទាំ”) ដូចគ្នានឹង អត្តបរិហារ, អត្តព្យាបាល ដែរ ។
- អត្តុក្កង្សនកថា (អ័ត-តុក-ក័ង-សៈន៉ៈកៈថា; បា. < អត្ត + ឧក្កំសន “ការលើកសរសើរ” + កថា) សម្ដីលើកខ្លួន ។
- អត្តុក្កង្សនភាព ភាវៈឬការលើកតម្កើងខ្លួន ។ល។
-
អាត្ម័ន
( ន.នាមសព្ទ )
(អាត្មន៑; អត្ត) អាត្មា (ខ្លួន; ចិត្ត) ។ តាមលទ្ធិខ្លះប្រែថា “ព្រលឹង” ក៏មាន, គេនិយាយថា : ក្នុងរូបយើងមានអាត្ម័ន, កាលណាយើងដេកលក់ស៊ប់, ចួនកាលអាត្ម័នចេញពីរូប ត្រាច់ចរទៅខាងក្រៅ, លុះដល់វេលា ទើបវិលត្រឡប់ចូលមកក្នុងរូបវិញ (គេថា ព្រលឹងតូច ព្រលឹងធំ តាមទម្លាប់ជឿ) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សម្រាប់ឲ្យងាយចាំថា : អាត្ម័នអាត្មា ទោះប្រើពាក្យណា ក៏បានដូចគ្នា ទាំងពាក្យអត្តា នេះឯងក៏ជា ពាក្យមានន័យថា ចិត្តឬខ្លួនប្រាណ ។ តាមពិតសម្ដី ទាំងពីរទាំងបី នេះមានសន្តាន ប្រភពកំណើត កើតពីដើមធាន អទ៑-ធាតុដែលមាន ន័យប្រែថាស៊ី ។ ស៊ីសុខស៊ីទុក ស៊ីអ្វីគ្រប់មុខ ស៊ីឥតរើសទី អត្តាហ្នឹងឯង ចេញទែងខាងស៊ី ដែលហៅថាស៊ី គឺរងអារម្មណ៍ ។ អារម្មណ៍គ្រប់មុខ ទោះសុខទោះទុក្ខ ចេះតែសន្សំ ទោះអរទោះខឹង ទោះខ្ជិលទោះខំ ត្រជាក់ក្ដៅងំ ចេះតែទទួល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អត្ត, អាត្ម, អាត្មា ផង) ។
-
ចៃដន់
( កិ.កិរិយាសព្ទ, ន.នាមសព្ទ ) [ចៃដន់]
(ចៃតន្យ ន. “អាត្ម័ន (អាត្មា), ព្រលឹង; ចិត្ត; ទេវតាដែលជាអ្នកនាំបណ្ដាលចិត្ត, ជាអ្នកបញ្ចូលចិត្ត ...” ។ (ស. ដលចៃ អ. ថ. ដុនចៃ កិ.) បណ្ដាលឲ្យគិត, ឲ្យនឹកភ្នកឃើញ; ដំណើរដែលបណ្ដាលឲ្យកើតមានឡើង ហាក់ដូចជាមានទេវតានាំបណ្ដាល : ការណ៍ហ្នឹងវាជាចៃដន្យ ... ។
Headley's Khmer-English Dictionary Full Text Search
-
អាត្ម័ន
( n ) [ʔaatman] - detail »
soul, self